មូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ២០២៣។
មូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា ដើរតួនាទីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យអប់រំ សុខាភិបាល កសិកម្ម ការអភិវឌ្ឍន៍ជនបទ សហគ្រិនភាព និងប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រជាជន សាមគ្គីភាព សន្តិភាព សេដ្ឋកិច្ច វប្បធម៌ និងសុខដុមនីយកម្មក្នុងតំបន់ និងពិភពលោក។
លោក ថោង ជ័យវិបុល
សមាជិកក្រុមប្រឹក្សាភិបាល
ប្រធានគណៈកម្មការប្រតិបត្តិ
ក្នុងនាមជាប្រធានមូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា ខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះបេសកកម្មរបស់យើង ក្នុងការលើកកម្ពស់វិស័យអប់រំ សុខភាព កសិកម្ម ការអភិវឌ្ឍន៍ជនបទ សហគ្រិនភាព និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ក្នុងវិស័យអប់រំ យើងប្តេជ្ញាបង្កើតឱកាសសម្រាប់ការសិក្សា និងបណ្តុះផ្នែកប្រាជ្ញាស្មារតីសម្រាប់សិស្ស
ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីតាមការចាំបាច់។ យើងជឿថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍខ្លួនឯង និងសង្គម។ ជាមួយគ្នានេះ បេសកកម្មរបស់យើងក៏ផ្តោតផងដែរ លើការលើកកម្ពស់វិស័យសុខាភិបាលនៅទីជនបទ ដើម្បីធានាថាបុគ្គលគ្រប់រូបមានលទ្ធភាពទទួលបានសេវាវេជ្ជសាស្រ្ត និងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពនៅតាមតំបន់ជនបទ។
យើងនឹងសហការជាមួយរាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ សំដៅលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងសហគមន៍ជនបទ។ នៅក្នុងវិស័យនៃវិស័យសហគ្រិនភាព យើងជំរុញនវានុវត្តន៍ឱ្យមានការបង្កើតថ្មី និងគាំទ្រអាជីវកម្មក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
បច្ចុប្បន្ន មូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា ផ្តោតសំខាន់លើគម្រោងអាទិភាពសំខាន់ៗ ចំនួន ៣ រួមមាន៖ ការផ្គត់ផ្គង់ទឹកស្អាតនិងសុវត្ថិភាព ការបរិច្ចាគសម្ភារៈសិក្សា និងការពិនិត្យសុខភាពសម្រាប់ប្រជាជននៅតំបន់ជនបទ។
បញ្ហាទឹកស្អាតនៅកម្ពុជា ជាក្តីកង្វល់រួមដែលត្រូវរួមគ្នាដោះស្រាយ។ ប្រជាជនកម្ពុជាជិត ប្រមាណ ៣,៤លាននាក់ មិនទាន់មានលទ្ធភាពប្រើប្រាស់ទឹកស្អាតនៅឡើយ ពោលគឺប្រហែល ២នាក់ក្នុងចំណោម ១០នាក់ ។
ជាងនេះទៀត ប្រជាជនប្រមាណ ៦,៥លាននាក់ មិនទាន់យល់ដឹងច្បាស់អំពីមូលដ្ឋានអនាម័យនិងសុខភាព។ កង្វះអនាម័យជាកត្តានាំំឱ្យមានការចម្លងរោគនិងបំពុលប្រភពទឹកលើដី។
កុមារជាច្រើននៅតាមជនបទ និងតំបន់ក្រីក្រខ្វះលទ្ធភាពទទួលបានធនធានអប់រំជាមូលដ្ឋាន ដូចជាសៀវភៅសិក្សា សៀវភៅកត់ត្រា ប៊ិច និងខ្មៅដៃ រួមទាំងមធ្យោបាយធ្វើដំណើរ។ ភាពខ្វះខាតនេះរារាំងដំណើរការសិក្សា និងវឌ្ឍនភាពសិក្សារបស់ពួកគេ។
ការបរិច្ចាគសម្ភារៈសិក្សាអាចធ្វើឱ្យការសិក្សារបស់កុមារមានភាពល្អប្រសើរ និងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងអនាគត តាមរយៈការផ្តល់ឱ្យពួកគេនូវបរិក្ខារសិក្សាចាំបាច់ ដែលអាចឱ្យកុមារមានឱកាសបង្ហាញពីសក្តានុពលពេញលេញរបស់ខ្លួននៅក្នុងសង្គម។
ប្រជាជនដែលរស់នៅតំបន់ជនបទជាច្រើន មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព។ ការពិនិត្យសុខភាពជាប្រចាំ គឺជាការចាំបាច់ ដើម្បីការពារ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។ ការត្រួតពិនិត្យជំងឺឮជាប្រចាំ អាចជួយកំណត់បញ្ហាសុខភាពមុនពេលវាក្លាយជាធ្ងន់ធ្ងរ និងអាចជួយឱ្យប្រជាជននៅតំបន់ជនបទមានសុខភាពល្អប្រសើរ។
លើសពីនេះ ប្រជាជនដែលរស់នៅតំបន់ជនបទ ក៏អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តអប់រំអំពីអនាម័យ និងសុខភាពដល់សហគមន៍របស់ខ្លួន ដែលជំរុញឱ្យការរស់នៅប្រកបដោយសុខភាពល្អ។